នំព្រះចន្ទ ឬនំព្រះខែ
នំព្រះចន្ទ ឬនំព្រះខែ ភាសាចិនហៅយេប៊ិញ គឺជានំពិសេសសំរាប់ពិធីបុណ្យសែនព្រះចន្ទនាពាក់កណ្តាលរដូវស្លឹកឈើជ្រុះហៅបុណ្យ ZHONGQIU JIE ។
តើប្រពៃណីនេះចេញមកពីណា? លោកវ៉ាង ឡៃហួ សាស្ត្រាចារ្យនៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមក្រុងទៀនជីន និងជាអ្នកជំនាញការខាងវប្បធម៌ចិនពន្យល់យើងពីរឿងនេះ ។ នំព្រះចន្ទដែលមានរាងមូល គឺជានិមិត្តរូបនៃ សុភមង្គល និងការជួបជុំ ។ គេពុំបានដឹងថាតើទំនៀមទំលាប់នេះ មានពីពេលណាមកនោះទេ ។ តាំងពីដើមមក នំ នេះគឺជាតង្វាយចំពោះព្រះចន្ទ ។ ក្រោមរជ្ជកាលហាន (ឆ្នាំ២០៦ មុនគ្រិស្តសករាជដល់ឆ្នាំ២២០ ក្រោយគ្រិស្តសករាជ) នំទាំងឡាយដូចជានំ ZHENGBING (ចំហុយ) នំហ៊ូប៊ិញ (ដុត) នំតាំងប៊ិញ (ចំអិនក្នុងស៊ុប) បានលេចចេញរូបរាងឡើង ។
សមាជិកគ្រួសារនីមួយៗបានចែកចាយនំទាំងនេះដល់គ្នាបរិភោគ ក្រោយការសែនរួច ដើម្បីកំណត់ពីការរួបរួមគ្នារបស់គ្រួសារសាច់ញាតិទាំងមូល ។ ក៏ប៉ុន្តែនំទាំងនេះនៅពុំទាន់ក្លាយជាអាហារពិសេសសំរាប់បុណ្យឡើយ ។
ពាក្យយេប៊ិញ YUEBING លេចជាលើកដំបូងក្នុងសៀវភៅរបស់រជ្ជកាលសុង (៩៦០-១២៧៩) ។ នាសម័យកាលនោះ ដំបូងវាគ្រាន់តែជានំធម្មតាប៉ុណ្ណោះ ។ គឺក្រោមរជ្ជកាលមិញ (១៣៦៨-១៦៤៤) ដែលនំព្រះខែទទួលបានឈ្មោះផ្លូវការរបស់ខ្លួន ។ ក្នុងសៀវភៅផ្សេងៗរបស់រជ្ជកាលមិញ គេឃើញការប្រើនំទាំងនេះសំរាប់ពេលបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះ ។ ចំណែកបច្ចេកទេសនៃការផលិតនំយេប៊ិញមានការអភិវឌ្ឍន៍ថែមទៀត ក្នុងរជ្ជកាលគិញ (១៦៤៤-១៩១១) ។ នំយេប៊ិញពីមួយថ្ងៃទៅមួយថ្ងៃជានំពិសេសសំរាប់បុណ្យ ZHONG-QIU JIE ។
ទំនៀមទំលាប់ពិតណាស់ ទាក់ទិនដល់សកម្មភាពនានាដែលសរសើរដល់ព្រះចន្ទ (លោកខែ) ។ ជនជាតិចិននាំគ្នាបរិភោគនំយេប៊ិញដោយសម្លឹងមើលព្រះចន្ទពេញវង់ ។ជាមួយនឹងពេលវេលានំព្រះខែក្លាយទៅជាប្រពៃណីវប្បធម៌របស់ប្រជាជាតិចិន ។ បច្ចុប្បន្ននេះមាននំសែនព្រះខែជាច្រើនបែប ក្នុងនោះរួមមាន នំស្នូលពងក្រហមប្រៃ ស្នូលផ្លែឈើ ស្នូលសណ្តែក ឬក្រែមបែបបារាំង ៕
